(តាកែវ)៖ ដើម្បីឆ្លើយតប និងបំភ្លឺច្បាស់ៗជូនមហាជន កាត់បន្ថយការភ័ន្តច្រឡំពីសំណាក់សាធារណជនដែលគិតថា មានការចាក់ដីលុប «បឹងតាកែវ» នោះ រដ្ឋបាលខេត្តតាកែវបានបញ្ជាក់ថា នេះជាគម្រោងអភិវឌ្ឍន៍ និងកែទម្រង់សោភ័ណភាពតំបន់ប្រវត្តិសាស្ត្រតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា គម្រោងសាងសង់ «ប្រាសាទសិរីវិជយបឹងតាកែវ» និង វេទិកាអុំទូក, ផ្លូវក្រវ៉ាត់បឹងតាកែវ ហេដ្ឋារចនាសម្ព័ន្ធសួនច្បារ កន្លែងសាធារណៈមួយចំនួន និងគម្រោងសណ្ឋាគារលំដាប់ផ្កាយ៤ របស់ក្រុមហ៊ុនវិនិយោគ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដោយមានការគាំទ្រ និងចូលរួមបរិច្ចាគថវិកាពីសំណាក់សប្បុរសជនជិតឆ្ងាយ។ គម្រោងនេះពុំមែនជាការលុបបឹងដើម្បីយកដីធ្វើអាជីវកម្មឯកជនដូចការផ្សព្វផ្សាយព័ត៌មានមួយចំនួននោះឡើយ ប៉ុន្តែគឺជាការអភិវឌ្ឍតំបន់បឹងតាកែវ ឱ្យប្រែក្លាយជាមរតកវប្បធម៌ សោភ័ណភាពក្រុង និងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ដើម្បីរំលឹកដល់ប្រវត្តិសាស្ត្រដ៏រុងរឿងនៃទឹកដីខេត្តតាកែវ ដែលជាខេត្តវ័យចំណាស់ជាងគេ និងទុកជាទីគោរពសក្ការបូជាសម្រាប់មហាជនគ្រប់ជំនាន់។
តាមលក្ខណៈបច្ចេកទេស សំណង់ប្រាសាទសិរីវិជយបឹងតាកែវ ត្រូវបានកសាងឡើងយ៉ាងផ្ចិតផ្ចង់បំផុតតាមលំនាំអាស្រមតាឥសី នៅចង្កេះភ្នំដា ដោយសង់អំពីបេតុងអាមេយ៉ាងរឹងមាំ បិទ និងក្រាលលម្អដោយថ្មភក់។ ប្រាសាទមានរាងចតុកោណ ប្រវែង ៦.៥៦ ម៉ែត្រ, ទទឹង ៦ ម៉ែត្រ, កម្ពស់ ៩ ម៉ែត្រ បំពាក់ដោយដំបូលជ្រុងក្រឡូមតាមរចនាបថបុរាណ និងបញ្ចប់ដោយកំពូលប្រាសាទមានរូបរាងជា «ក្រពុំឈូក» ដែលជានិមិត្តរូបនៃភាពបរិសុទ្ធ និងភាពរីកចម្រើន។ លើសពីនេះ គម្រោងនេះមានស្ពាននាគតភ្ជាប់ចូលទៅកាន់ប្រាសាទប្រវែង ១៤៣.៤៥ ម៉ែត្រ និងទទឹង ៤ ម៉ែត្រ ឯផ្នែកខាងក្នុងប្រាសាទនឹងត្រូវតម្កល់រូបបដិមា «ហរិហរៈ» ដែលមានកម្ពស់ ១.៩០ ម៉ែត្រ សម្រាប់ជាទីសក្ការបូជាផងដែរ។
រដ្ឋបាលខេត្តតាកែវ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងមហាជនទាំងអស់ មេត្តាកុំមានការភ័ន្តច្រឡំចំពោះការផ្សាយព័ត៌មានមិនមានប្រភពច្បាស់លាស់ និងសូមចូលរួមអបអរសាទរចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មីនេះ ដែលនឹងលើកមុខមាត់ខេត្តតាកែវឱ្យកាន់តែល្បីរន្ធឺ និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើនឡើងនាពេលខាងមុខ៕



