ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងពិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដោយមានការចូលរួមពីលោក នាយកសាលាវិទ្យាស្ថានបច្ចេកទេសខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត តំណាងសហគ្រាសក្រុមហ៊ុនយានដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង២០០នាក់ ពិធីនេះដែរប្រារព្ធធ្វើនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ។
លោកបណ្ឌិត កែម ជាក់នី នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានឱ្យដឹងថា វិទ្យាស្ថានមានភារកិច្ចផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (Technical and Vocational Education and Training ហៅកាត់ថា TVET) ដល់ប្រជាជនគ្រប់រូបចាប់ពីអាយុ១៥ឆ្នាំឡើង ហើយបណ្តុះបណ្តាលចាប់ពីកម្រិតទាបបំផុត រហូតដល់បរិញ្ញាបត្រវិស្វករបច្ចេកវិទ្យា ដែល១វគ្គសិក្សាទាបបំផុតមានរយៈពេល១សប្តាហ៍ វគ្គសិក្សាខ្លះរយៈពេល១ខែ ៤ខែ ១ឆ្នាំ ២ឆ្នាំ និង៤ឆ្នាំជាដើម ទៅតាមកម្រិតសញ្ញាបត្រនៃក្របខ័ណ្ឌគុណវឌ្ឍជាតិកម្ពុជា។ វិទ្យាស្ថានបានទទួលអត្ថិភាពផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើវិស័យឯកទេសកម្មចំនួន៥ ក្នុងចំណោមវិស័យទាំង១០ទូទាំងប្រទេស វិស័យទាំង៥នោះរួមមាន៖ វិស័យកម្មន្តសាល ឬឧស្សាហកម្ម, វិស័យសំណង់, វិស័យសេវាកម្មធុរកិច្ច/បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានវិទ្យា, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, និងវិស័យទេសចរណ៍ ដើម្បីជួយឱ្យសិស្ស និស្សិត សិក្សាចប់នឹងទទួលបានចំណូលកម្រិតខ្ពស់តាមរយៈបើកមុខរបរ និងការងារ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូបច្ចេកទេស នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាលយុវជនកន្លងមក ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ គឺជាកត្តាលីករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ ដែលជាខេត្តកំពុងមានការរីកចម្រើនខ្លាំងលើវិស័យឧស្សាហកម្ម និងរោងចក្រ ដូចនេះការមានជំនាញច្បាស់លាស់ គឺជាអាវុធសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់យុវជនគ្រប់រូប។
ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា សិស្សានុសិស្សដែលរៀននៅទីនេះ គឺមានសំណាងខ្លាំងណាស់ ព្រោះខេត្តកំពង់ស្ពឺជាប៉ូលសេដ្ឋកិច្ច និងឧស្សាហកម្មដ៏សំខាន់។ ដូច្នេះ ក្រោយពេលបញ្ចប់ការសិក្សា ប្អូនៗនឹងមានឱកាសចេញធ្វើការងារបានច្រើន និងងាយស្រួលរកការងារធ្វើបំផុត ជាមួយប្រាក់ខែសមរម្យ។
ឯកឧត្តមបណ្ឌិត ក៏បានដាស់តឿន និងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្ស យុវជនទាំងអស់ ត្រូវខិតខំក្រេបជញ្ជក់ចំណេះដឹង និងជំនាញពីលោកគ្រូអ្នកគ្រូឱ្យបានពិតប្រាកដ ព្រោះ «ជំនាញមួយជីវិតរស់» ហើយ TVET ពិតជាបានផ្តល់នូវជំនាញ ឱកាសការងារ និងប្រាក់ចំណូលពិតប្រាកដដល់ប្អូនៗ និងគ្រួសារ។
ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងយុវជនទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ សូមបន្តងាកមកចាប់អារម្មណ៍ និងចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍ផងដែរ៕

