នៅថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក ង៉ែត សូទ្រី អភិបាលរងស្រុកតំណាងលោក កៅ វគ្គសែល អភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំរោង រួមជាមួយលោកស្រី ឡុង សុជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំរោង អញ្ជើញអមដំណើរឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន ៤៩គ្រួសារ នៅឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០នាទី មានករណីភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងឃុំបឹងត្រាញ់ខាងត្បូង ចំនួន ៣ភូមិ (រួមមាន៖ ភូមិហង់ហេង ចំនួន ១៣ខ្នង, ភូមិដក់ពរ ចំនួន ០៩ខ្នង និងភូមិស្រីជ័យ ចំនួន ២៧ខ្នង) សរុបស្មើនឹង ៤៩ខ្នងផ្ទះ។
នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងការគិតគូរខ្វល់ខ្វាយយ៉ាងខ្លាំងពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយអត់បាយដោយមិនបានដឹង និងមិនបានជួយដោះស្រាយនោះឡើយ។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់គ្រួសាររងគ្រោះទាំង ៤៩គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាននូវសម្ភារគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាច្រើនមុខ រួមមាន៖
១-អង្ករ ២៥គ.ក្រ
២-កន្ទេលជ័រ ១
៣-មុង ១
៤-ភួយ ១
៥-សារុង ១
៦-ក្រម៉ា ១
៧-ទឹកត្រី ៣ដប
៨-ទឹកស៊ីអីវ ៣ដប
៩-ប្រេងឆា ១លីត្រ ១ដប
១០-នំកញ្ចប់ ១កញ្ចប់
១១-ត្រីខកំប៉ុង ១យួរ
១២-មី ១កេស
១៣-និងថវិកា ២០,០០០ រៀល
មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម វ៉ី សំណាង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងជាយថាហេតុនៅក្នុងរដូវវស្សានេះ។

