នៅថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក ង៉ែត សូទ្រី អភិបាលរងស្រុក តំណាងលោក កៅ វគ្គសែល អភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំរោង រួមជាមួយលោកស្រី ឡុង សុជា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំរោង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សាខាកាកបាទក្រហមខេត្តតាកែវ ទៅប្រគល់ជូនក្រុមគ្រួសារសពកុមាររងគ្រោះដែលបានទទួលមរណភាពដោយសារករណីលង់ទឹក។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ ករណីគ្រោះថ្នាក់ដ៏ក្រៀមក្រំនេះបានកើតឡើងចំពោះកុមាររងគ្រោះឈ្មោះ កែម ភារ៉ា ភេទប្រុស អាយុ ៤ឆ្នាំ រស់នៅក្នុងភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។
ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងគ្រាអាសន្ន អនុសាខាកាកបាទក្រហមស្រុក បាននាំយកនូវសម្ភារឧបត្ថម្ភ និងថវិកាទៅប្រគល់ជូនរួមមាន៖ អង្ករ ១បាវ (២៥ គីឡូក្រាម), ទឹកត្រី ៣ដប, ទឹកស៊ីអ៊ីវ ៣ដប, ទឹកបរិសុទ្ធ ២កេស, ភេសជ្ជៈ ២កេស, នំ ១ប្រអប់, មី ១កេស, ប្រេងឆា ១ដប, ត្រីខ ១យួរ និងថវិកាចំនួន ២០០,០០០ រៀល ក្នុងនោះថវិការដ្ឋបាលឃុំ ១០០,០០០រៀល។
នៅក្នុងឱកាសនោះ លោកអភិបាលរងស្រុក និងលោកស្រីប្រធានអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតពីសំណាក់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាក និងរងគ្រោះថ្នាក់ផ្សេងៗ ដោយមិនទុកនរណាម្នាក់ចោលឡើយ។

