(តាកែវ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនជាង ១៧ក្រាម ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង ១១៖៤០នាទី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅភូមិឈូកសរខាងជើង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
ការចុះបង្ក្រាបនេះដែរ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន ដោយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសំរោង។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ គង់ សម្បត្តិ ហៅ តុង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឈូកសរខាងជើង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។
សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ២កញ្ចប់ ទម្ងន់ ១៧.៤៣ក្រាម (ថ្លឹងទាំងសំបកថង់), ទូរស័ព្ទដៃ ១គ្រឿង, ដាវដែក ១ដើម, ស្លាកលេខម៉ូតូ ១សន្លឹក រួមទាំងសម្ភារៈសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

