(តាកែវ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ លោក កៅ វគ្គសែល អភិបាល នៃគណៈអភិបាលស្រុកសំរោង និងលោក ប្រាក់ មុនី ប្រធានក្រុមប្រឹក្សាស្រុកសំរោង បានអញ្ជើញរួមដំណើរ លោក ងិន ងិនដា អភិបាលរងខេត្តតាកែវ ដឹកនាំពិធីដាំកូនឈើ អបអរសាទរ «រុក្ខទិវា ៩ កក្កដា» ដើម្បីលើកកម្ពស់ការថែរក្សាបរិស្ថាន និងបង្កើនគម្របពណ៌បៃតងនៅក្នុងមូលដ្ឋាន។
ពិធីដាំកូនឈើនេះ បានប្រារព្ធធ្វើឡើងតាមបណ្តោយសងខាងផ្លូវលេខ១២៩ ចាប់ពីចំណុចស្ពានអូរតាសុខ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។ សកម្មភាពនេះមានគោលបំណងបំផុសស្មារតីចូលរួមថែរក្សាបរិស្ថាន ការពារធនធានធម្មជាតិ និងរួមចំណែកបង្កើនភាពបៃតងនៅតាមសហគមន៍។
ក្នុងឱកាសនោះ ក៏មានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្ត្រីរាជការនៃរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីវិទ្យាល័យសម្តេចឪចំនួន ១២០នាក់ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប ដែលបានរួមគ្នាដាំកូនឈើប្រកបដោយភាពសប្បាយរីករាយ និងទទួលខុសត្រូវខ្ពស់ចំពោះការអភិរក្សបរិស្ថាន។
ពិធីនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន និងការចូលរួមរបស់គ្រប់ភាគី ក្នុងការលើកកម្ពស់ការអភិរក្សធនធានធម្មជាតិ និងការបង្កើនគម្របព្រៃឈើ ស្របតាមទិសដៅអភិវឌ្ឍប្រកបដោយចីរភាព៕

