(តាកែវ)៖ ដើម្បីដោះស្រាយបញ្ហាខ្វះខាតអគ្គិសនីប្រើប្រាស់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លោក កង អាណាន់ អភិបាល នៃគណៈអភិបាលស្រុកអង្គរបូរី បានដឹកនាំកិច្ចប្រជុំពិភាក្សា និងសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ និងសហគ្រាសផ្គត់ផ្គង់អគ្គិសនីឯកជន ដើម្បីជំរុញការតភ្ជាប់បណ្តាញអគ្គិសនីទៅកាន់ភូមិបាក់ដៃ និងភូមិទូលពុទ្រា ស្ថិតក្នុងឃុំគោកធ្លក។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលាស្រុកអង្គរបូរី នាថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកនាយករងរដ្ឋបាល ប្រធានការិយាល័យជំនាញពាក់ព័ន្ធ លោកមេឃុំគោកធ្លក លោក-លោកស្រីមេភូមិ និងតំណាងសហគ្រាសផ្គត់ផ្គង់អគ្គិសនីឯកជន។
ក្រោយការពិភាក្សា និងសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ សហគ្រាសផ្គត់ផ្គង់អគ្គិសនី «គង់ ផាត អេឡិកទ្រីស៊ីធី» និង «ស៊ីម ដារី» បានឯកភាព និងសន្យាពន្លឿនការតភ្ជាប់បណ្តាញអគ្គិសនីទៅកាន់តំបន់ដែលមិនទាន់មានភ្លើងប្រើប្រាស់ ឱ្យបានឆាប់រហ័សបំផុត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ភូមិបាក់ដៃ និងភូមិទូលពុទ្រា ក្នុងឃុំគោកធ្លក គឺជាតំបន់ដែលមិនធ្លាប់មានការតភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់ពីមុនមក។ ការដោះស្រាយនេះបានកើតឡើងក្រោមការយកចិត្តទុកដាក់ និងការសម្របសម្រួលដោយផ្ទាល់ពីលោក កង អាណាន់ អភិបាលស្រុកអង្គរបូរី ក្នុងគោលបំណងនាំយកពន្លឺអគ្គិសនីទៅដល់ប្រជាពលរដ្ឋ និងរួមចំណែកលើកកម្ពស់គុណភាពជីវភាពរស់នៅនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕

