(តាកែវ)៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម យស ណាស៉ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធ “រុក្ខទិវា ៩ កក្កដា”ឆ្នាំ២០២៦ ដែលបានប្រារព្ធរៀបចំឡើងនៅរង្វង់មូលអូរចំបក់ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលខេត្តប្រធាន-អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធ អភិបាលក្រុង/ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក យុវជនកាយរឹទ្ធិ យុវជនកាកបាទ ក្រហម សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ។
ក្នុងឱកាសដ៏នោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត តាកែវ បានមានប្រសាសន៍លើកឡើងថា ដើមឈើបានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ជួយទប់ស្កាត់ និងការពារពីគ្រោះធម្មជាតិផ្សេងៗ ជួយធ្វើឱ្យរដូវកាលនៃទឹកភ្លៀងធ្លាក់បានទៀងទាត់ល្អ និងរួមចំណែកយ៉ាងសំខាន់ក្នុងការស្រូប និងទប់ទឹក ដើម្បីការពារគ្រោះទឹកជំនន់ ទៀតផង ។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការស្នើសុំ និងដាស់តឿនដល់មន្ទីរពាក់ព័ន្ធទាំងអស់ ព្រមទាំងបងប្អូនប្រជា ពលរដ្ឋទាំងអស់ ត្រូវរួមគ្នាដាំដើមឈើឱ្យបានគ្រប់ៗគ្នា និងយកចិត្តទុកដាក់ថែរក្សាការពារដើមឈើ ឱ្យបានល្អប្រសើរ ដោយជៀសវាងការកាប់បំផ្លាញ ដើម្បីជាប្រយោ ជន៍ ដល់បរិស្ថាន ក៏ដូចជាសម្រាប់កូនចៅជំនាន់ក្រោយតទៅ ៕

