(តាកែវ)៖ នារសៀលថ្ងៃអង្គារ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង “ ពិធីបិទវគ្គបញ្ចប់ការបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតបឋមសិក្សា (១២+២) ជំនាន់ទី៤០ ឆ្នាំសិក្សា ២០២៤–២០២៦” ដែលបានរៀបចំឡើងនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវ។
មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកនាយកសាលាគរុកោសល្យ និងវិក្រឹតការខេត្ត លោកគ្រូ អ្នកគ្រូ និងគរុសិស្ស ជាច្រើននាក់ ។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងលោកគ្រូ-អ្នកគ្រូសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ដែលបានខិតខំបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យអប់រំ ប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់។
ឯកឧត្តម វ៉ី សំណាង ក៏បានផ្តាំផ្ញើដល់លោកគ្រូ-អ្នកគ្រូថ្មីទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដោយធ្វើជាគំរូល្អដល់សិស្ស និងសហគមន៍ ត្រូវស្រឡាញ់សិស្ស ស្រឡាញ់វិជ្ជាជីវៈ និងបំពេញភារកិច្ចដោយស្មារតីទទួល ខុសត្រូវខ្ពស់ រួមចំណែកអនុវត្តចលនាសាលារៀនគំរូ និងការកែ លម្អគុណភាពអប់រំ ស្របតាមគោល នយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ៕

