តាកែវ៖ នៅថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីប្រគល់ផ្ទះថ្មីចំនួន ៦ខ្នង ជូនក្រុមគ្រួសារវីរកងទ័ពពលី ដែលរស់នៅក្នុងទឹកដីខេត្តតាកែវ។
ផ្ទះថ្មីទាំង ៦ខ្នងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដើម្បីជួយសម្រួលដល់ជីវភាព និងការរស់នៅរបស់ក្រុមគ្រួសារវីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បាននាំយកអំណោយបន្ថែមរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត រួមមាន ថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ទៅប្រគល់ជូនក្រុមគ្រួសារវីរកងទ័ពពលីផងដែរ។
ការផ្តល់ជំនួយ និងផ្ទះស្នាក់នៅនេះ គឺជាការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារវីរកងទ័ពពលី ព្រមទាំងជាការលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះការលះបង់របស់វីរកងទ័ព ដើម្បីជាតិ និងមាតុភូមិ៕

