(តាកែវ)៖ រដ្ឋបាលស្រុកព្រៃកប្បាស បានបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ប្រវែង ១,២៣០ម៉ែត្រ ស្ថិតនៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ដោយប្រើប្រាស់ថវិកាមូលនិធិឃុំចំប៉ា ប្រចាំឆ្នាំ២០២៦ ដើម្បីសម្រួលការធ្វើដំណើរការដឹកជញ្ជូន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ពិធីបើកការដ្ឋាននេះ បានធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក គិន ភក្ដី អភិបាល នៃគណៈអភិបាលស្រុកព្រៃកប្បាស។
តាមគម្រោង ផ្លូវបេតុងអាមេនេះ មានប្រវែង ១,២៣០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងមានកម្រាស់តាមការរចនាបច្ចេកទេសរបស់គម្រោង ដោយប្រើប្រាស់ថវិកាមូលនិធិឃុំចំប៉ា ប្រចាំឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកអភិបាលស្រុក បានជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងស្វែងយល់ពីស្ថានភាពជីវភាព បញ្ហាប្រឈម និងតម្រូវការចាំបាច់នានា ដើម្បីពិនិត្យលទ្ធភាពអន្តរាគមន៍ និងដោះស្រាយឱ្យបានទាន់ពេលវេលា ស្របតាមសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាមួយគ្នានេះ លោក គិន ភក្ដី បានណែនាំដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តការងារឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងប្លង់សាងសង់ ព្រមទាំងប្រើប្រាស់សម្ភារៈដែលមានគុណភាព ដើម្បីធានាបាននូវភាពរឹងមាំ សុវត្ថិភាព និងអាយុកាលប្រើប្រាស់បានយូរអង្វែង។
គម្រោងសាងសង់ផ្លូវបេតុងអាមេនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកកាត់បន្ថយការលំបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសកម្មភាពសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕

