(តាកែវ)៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដាក់សំណើបន្ទាន់ទៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្នើសុំស្ថាបនាផ្លូវខ្នងទំនប់ត្នោតទេរ ស្ថិតក្នុងភូមិសាស្ត្រឃុំលំចង់ និងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។
ផ្លូវនេះគ្រោងនឹងស្ថាបនាជាប្រភេទ ផ្លូវកៅស៊ូ DBST មានប្រវែងជិត ៣,០០០ម៉ែត្រ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់។
លោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានបញ្ជាក់ប្រាប់ឱ្យដឹងថា សំណើស្ថាបនាផ្លូវនេះ ត្រូវបានឯកឧត្តម វ៉ី សំណាង ដាក់ស្នើជាបន្ទាន់ទៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជំរុញការស្ថាបនាផ្លូវជាចំណងដៃជូនប្រជាពលរដ្ឋ។
ការស្ថាបនាផ្លូវកៅស៊ូនេះ ត្រូវបានរំពឹងថា នឹងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់ការតភ្ជាប់ការធ្វើដំណើរ និងការដឹកជញ្ជូនក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
ការបញ្ជាក់នេះ ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦៕

