តាកែវ ៖ នាព្រឹកថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៦ វេលាម៉ោង ០៦:០០នាទីព្រឹក ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួម និងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការរត់ប្រណាំងអមដំណើរប្រជាពលរដ្ឋ កីឡាករ កីឡាការនីប្រមាណជាង១០០០ នាក់ ក្នុងពិធីរត់ប្រណាំងរយៈចម្ងាយ ១០គីឡូម៉ែត្រ សម្រាប់មហាជន ដែលរៀបចំឡើងយ៉ាងសប្បាយរីករាយ ដើម្បីអបអរសាទរបុណ្យអុំទូក បែកអំបោស និងសំពះព្រះខែ អកអំបុក នៅមាត់បឹងតាកែវ ក្រុងដូនកែវ។
សូមបញ្ជា់ជូនថា កម្មវិធីរត់ប្រណាំងដ៏មានអត្ថន័យនេះ បានចាប់ផ្តើមចេញដំណើរពីគោលដៅដើមនៅមាត់បឹងតាកែវ ក្បែររូបសំណាកបង្កងយក្ស ដោយរត់តាមបណ្តោយផ្លូវមាត់បឹង ឆ្ពោះទៅកាន់ចំណុចរង្វង់មូលអូរចំបក់ បត់ឆ្ពោះមកតាមរង្វង់មូលវិមានឯករាជ្យ និងត្រឡប់មកជួបជុំគ្នាវិញនៅចំណុចគោលដៅដើម (មាត់បឹងតាកែវ) វិញ៕

