បាត់ដំបង ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នាំយកពូជស្រូវដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជាផ្ដល់ជូនដល់ប្រជាកសិករចំនួន៨៩៩គ្រួសារ ក្នុងឃុំអន្លង់វិល ឃុំកំពង់ព្រៀង និងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីជួយសម្រួលដល់ការបង្កបង្កើនផលស្តារឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនប្រជាកសិករទាំងអស់គ្នា ទោះបីជាសម្ដេចមិនបានអញ្ជើញមកផ្ទាល់ប៉ុន្តែសម្ដេចតែងតែគិតគូរសុខទុក្ខ និងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។
ឯកឧត្តម ថ្លែងបន្ថែមថា ការផ្តល់ស្រូវពូជជូនដល់ប្រជាកសិករនាពេលនេះ គឺជាការយកចិត្តទុកដាក់គិតគូររបស់រាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាក និងផ្តល់លទ្ធភាពឱ្យបងប្អូនប្រជាកសិករចាប់ផ្តើមបង្កបង្កើនផលស្តារឡើងវិញបន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។
ឯកឧត្តម បានណែនាំដល់ក្រុមការងារពាក់ព័ន្ធឱ្យបន្តជំរុញការចែកពូជស្រូវឱ្យបានឆាប់រហ័ស និងទាន់ពេលវេលាដើម្បីឱ្យប្រជាកសិករបានប្រើប្រាស់ស្រូវពូជសម្រាប់ការដាំដុះទាន់ពេលវេលាតាមរដូវកាល។
ឯកឧត្តម គូសបញ្ជាក់ថា កន្លងមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ស្រូវពូជ និងកញ្ចប់ស្បៀងអាហារជូនប្រជាកសិករចំនួន ១០.៧០០គ្រួសាររួចមកហើយ ហើយនៅថ្ងៃនេះរដ្ឋបាលខេត្ត និងក្រុមការងារពាក់ព័ន្ធបានបន្តចែកជូនប្រជាកសិករចំនួន៨៩៩គ្រួសារបន្ថែមទៀត។ស្រូវពូជដែលផ្តល់ជូននេះ គឺជាពូជមានគុណភាពល្អរបស់រាជរដ្ឋាភិបាលដែលអាចជួយគាំទ្រដល់ការស្តារផលិតកម្មស្រូវរបស់ប្រជាកសិករឡើងវិញ។ឯកឧត្តមសំណូមពរដល់បងប្អូនប្រជាកសិករឱ្យខិតខំយកចិត្តទុកដាក់ក្នុងការដាំដុះ និងពិចារណាបង្កើនការដាំដំណាំរួមផ្សំបន្ថែមដើម្បីបង្កើនប្រាក់ចំណូល និងពង្រឹងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តម អភិបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តយកចិត្តទុកដាក់អប់រំកូនចៅឱ្យខិតខំសិក្សារៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថាននៅតាមមូលដ្ឋានរៀងៗខ្លួន៕
ប្រភព ៖ រដ្ឋបាលខេត្តបាត់ដំបង

