នៅថ្ងៃសៅរ៍ ១៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងការអនុវត្តការងាររបស់ឆ្មាំទំនប់ និងសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្រ្តម្កាក់ ស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាប។
ក្នុងឱកាសនេះ ឯកឧត្តមអគ្គនាយក បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងាររបស់ឆ្មាំប្រចាំការ និងសហគមន៍ ព្រមទាំងបានផ្តល់នូវអនុសាសន៍ណែនាំដល់ឆ្មាំទំនប់ឱ្យបន្តយកចិត្តទុកដាក់ពិនិត្យមើលទ្វារទឹក និងដាក់ខ្លាញ់គោ និងសំអាតមុខទ្វាទឹក ពិនិត្យមើលកម្ពស់ទឹក ទំនប់ទឹកជាប្រចាំ និងរាយការណ៍ជូនមន្ទីរ ក្នុងករណីមានប្រេះ ដាច់ ឬមានរូងនាគ ហើយសហគមន៍កសិករប្រើប្រាស់ទឹក បន្តផ្សព្វផ្សាយប្រកាស និងពិនិត្យថែទាំប្រព័ន្ធឱ្យបានល្អប្រសើរ និងជំរុញដល់សមាជិកឱ្យចូលរួមសហការកាន់តែសកម្ម។

