(ព្រះសីហនុ)៖ នៅវេលាម៉ោង ០០:១០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាន បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន និងជួញដូរអាវុធខុសច្បាប់ នៅតំបន់កោះឬស្សី ក្នុងភូមិសាស្ត្រដែនសមុទ្រខេត្តព្រះសីហនុ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
តាមរបាយការណ៍ ក្រោយទទួលបានព័ត៌មានសម្ងាត់ និងធ្វើការស្រាវជ្រាវជាច្រើនថ្ងៃ កម្លាំងនគរបាលការពារព្រំដែនទឹក សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានកំណត់មុខសញ្ញា និងគោលដៅ រហូតឈានដល់ការឃាត់អូប័រ ០១គ្រឿង និងជនជាតិចិន ០២នាក់។
ប្រតិបត្តិការបន្តបានឈានដល់ការឃាត់រថយន្តចំនួន ០២គ្រឿង និងជនជាតិចិន ០៥នាក់ទៀត។ ក្នុងនោះ សមត្ថកិច្ចបានដកហូតម្សៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន ៤២បាវ មានទម្ងន់សរុបប្រមាណ ៨៤០គីឡូក្រាម។
ក្រៅពីនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ ០៣គ្រឿង, អាវុធវែង ១០ដើម, អាវុធខ្លី ៣៩ដើម, បង់ ១០៨បង់, គ្រាប់ចំនួន ៧,៩៣៧គ្រាប់ និងស៊ីឡាំងសឺ ០៨។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៧នាក់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តអនុវត្តនីតិវិធីតាមច្បាប់៕

