(មណ្ឌលគិរី)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ អេង ហាក់គ័ង អធិការនគរបាលស្រុកកោះញែក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសុខសាន្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី មុំ មាស នាយប៉ុស្តិ៍ នៅវេលាម៉ោងប្រមាណ ៤៖១៥នាទីទៀបភ្លឺ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានចុះល្បាតក្នុងភូមិសាស្ត្រ និងប្រទះឃើញម៉ូតូមួយគ្រឿងដែលមានការសង្ស័យថា កំពុងដឹកសត្វព្រៃ។
ប្រភពព័ត៌មានបានឱ្យដឹងថា កម្លាំងនគរបាលបានព្យាយាមឃាត់ម៉ូតូសង្ស័យនៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសុខសាន្ត ប៉ុន្តែអ្នកបើកបរមិនព្រមឈប់ ហើយបានបន្តបើកម៉ូតូរត់គេច។ កម្លាំងសមត្ថកិច្ចបានដេញតាម រហូតដល់ចំណុចស្ពានបេតុងឆ្លងអូរច្បារ ជនសង្ស័យបានផ្តួលម៉ូតូ ហើយរត់គេចចូលក្នុងព្រៃបាត់ ដោយបន្សល់ទុកម៉ូតូ និងបេមួយដែលមានសាច់នៅក្បែរនោះ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ និងរឹបអូសវត្ថុតាង រួមមាន៖
– ម៉ូតូសង់ទ្រីម ពណ៌ខ្មៅ ១គ្រឿង ពាក់ផ្លាកលេខ មណ្ឌលគិរី 1A-9325។
– សាច់សង្ស័យថាជាសាច់ទន្សោង ចំនួនប្រមាណ ២៥គីឡូក្រាម។
បច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសុខសាន្ត ប្រគល់ជូនមន្ត្រីជំនាញបរិស្ថាន ដើម្បីចាត់ការតាមនីតិវិធីបន្ត។
ចំពោះជនសង្ស័យ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណ និងចាត់ការតាមច្បាប់៕

