(កំពង់ស្ពឺ)៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបសេដ្ឋ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋម្នាក់ ដែលចតទុកនៅលើភ្លឺស្រែ ដោយមិនបានដកកូនសោចេញ ខណៈម្ចាស់កំពុងបាចជីស្រែ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិតានួន ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការនេះ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋ បានបញ្ជាឱ្យកម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិម្រាល ចុះស្រាវជ្រាវករណីចោរកម្មនេះ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ។
តាមការរៀបរាប់របស់ជនរងគ្រោះ នៅថ្ងៃកើតហេតុ ខ្លួនបានជិះម៉ូតូទៅបាចជីស្រែ រួចចតម៉ូតូទុកនៅលើភ្លឺស្រែ ដោយមិនបានដកកូនសោចេញ។ ឆ្លៀតឱកាសនោះ ជនសង្ស័យបានលួចជិះម៉ូតូចេញទៅបាត់។
លុះដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ រ៉ា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិតាដែងចាស់ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន គឺម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1FT-3868។
តាមការបញ្ជាក់របស់សមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។
ក្រោយមក សមត្ថកិច្ចបានប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ ចំណែកជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

