ខេត្តពោធិ៍សាត់៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកសម្ភារៈ គ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ក្រោមប្រធានបទ “បេះដូងមហាគ្រួសារខ្មែរ ខេត្តតាកែវ” ទៅឧបត្ថម្ភជូនដល់នាយទាហាន និងពលទាហាន ដែលកំពុងឈរជើងបំពេញភារកិច្ចការពារព្រំដែននៅទិសថ្មដា ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នាថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦។
មានប្រសាសន៍សំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយកងកម្លាំងនាឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំជាតិ ជូនចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំរូវីរភាពដ៏អង់អាចក្លាហាន ការលះបង់ និងកម្លាំងកាយចិត្តយ៉ាងធំធេងរបស់កងកម្លាំងឈរជើង នៅសមរភូមិមុខទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដោយមិនអនុញ្ញាតឱ្យមានការរំលោភបំពានពីសត្រូវខាងក្រៅណាមួយឡើយ។
ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា សកម្មភាពនាពេលនេះ គឺជាការស្តែងចេញនូវទឹកចិត្តស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋបាលខេត្ត អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តតាកែវ ទាំងមូលតាម រយៈស្មារតី “បេះដូងមហាគ្រួសារខ្មែរ” ដើម្បីជួយសម្រាលការលំបាក និងជាការលើកទឹកចិត្តដល់កងកម្លាំងជួរមុខ ដែលកំពុងខិតខំប្រឹងប្រែងដើម្បីសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជាតិទាំងមូល។
សូមបញ្ជាក់ថា សម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ដែលរដ្ឋបាលខេត្តតាកែវ បាននាំយកទៅប្រគល់ជូនកងកម្លាំងនៅទិសថ្មដា នាឱកាសនោះ រួមមាន៖ អង្ករ ៣តោន, មីជាតិ ២៥៥កេស, ទឹកសុទ្ធ ២០០កេស, ទឹកក្រូច និងទឹកផ្លែឈើ ១៤០កេស, ទឹកត្រី និងទឹកស៊ីអ៊ីវ ២១០យួរ, នំអន្សម ១៧៥០នំ, នំជៀល ៧៣៥នំ, នំចាំង ៦០គីឡូ, អាលកុល ៥កាន និងថវិកា ២០,០០០,០០០រៀល ៕

