ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូនី» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»។
ព្រឹត្តិការណ៍នេះ ជាទីការតាំងបង្ហាញវប្បធម៌ដ៏សំខាន់ និងបើកចំហជូនសាធារណជនចូលរួមដោយឥតគិតថ្លៃ ដោយមានការចូលរួមពីបណ្ដាប្រទេស និងរដ្ឋាភិបាលជាសមាជិកហ្វ្រង់កូហ្វូនី តាមរយៈស្តង់ពិព័រណ៍ សន្និសីទ ការសម្តែងសិល្បៈ ការតាំងបង្ហាញ និងការបង្ហាញម្ហូបអាហារប្រពៃណី។
ព្រឹត្តិការណ៍នេះមានគោលបំណងផ្សព្វផ្សាយ និងលើកតម្កើងភាពសម្បូរបែបនៃភាសា វប្បធម៌ និងសិល្បៈរបស់សហគមន៍ហ្វ្រង់កូហ្វូនី ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
សូមជម្រាបជូនថា ភូមិហ្វ្រង់កូហ្វូនី បើកជូនសាធារណជនចូលទស្សនា ចាប់ពីម៉ោង ១០:០០នាទីព្រឹក ដល់ម៉ោង ៩:០០នាទីយប់ ដោយទទួលទាំងភ្ញៀវជាតិ និងអន្តរជាតិមកចូលរួមទស្សនកិច្ចពន្លាជាតិ ស្តង់ពិព័រណ៍ ស្ដង់ម្ហូបអាហារ ការចូលរួមក្នុងកម្មវិធីកិច្ចពិភាក្សា និងទស្សនាការសម្ដែងទស្សនីយភាពសិល្បៈប្រចាំថ្ងៃដោយសេរី៕

