(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ជាបុរសជនជាតិខ្មែរ ពាក់ព័ន្ធករណីឆក់កាបូប និងប្រើប្រាស់អំពើហិង្សាលើជនរងគ្រោះជាជនជាតិឥណ្ឌូនេស៊ី។
នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១២៖១០នាទី កម្លាំងជំនាញបានទទួលពាក្យបណ្ដឹងពីបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ឈ្មោះ RUSDI ANWAR អាយុ ៣៩ឆ្នាំ ដែលបានបាត់បង់កាបូបមានលិខិតឆ្លងដែន និងទូរសព្ទ iPhone 16 Pro Max ចំនួន ១គ្រឿង។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១០យប់ នៅម្ដុំចម្ការស្វាយ ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យមានគ្នាចំនួន ៥នាក់ ជិះម៉ូតូហុងដាឌ្រីមចំនួន ២គ្រឿង ធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះ។
ក្រោយទទួលបានបណ្ដឹង កម្លាំងនគរបាលក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពេញ វាសនា ហៅ រិទ្ធ សីហា ហៅ ស្នា អាយុ ៣៣ឆ្នាំ។
បន្ទាប់មក នៅថ្ងៃបន្ទាប់ សមត្ថកិច្ចបានបន្តស្រាវជ្រាវ និងឃាត់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ រើន ដារ៉ា ហៅ រ៉ា អាយុ ១៧ឆ្នាំ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖ ម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៦ គ្មានផ្លាកលេខ ចំនួន ១គ្រឿង, កាំបិតផ្គាក់ចំនួន ១ដើម ដែកចុងស្រួចកែច្នៃសម្រាប់កាច់សោម៉ូតូ។
តាមការសាកសួរ ជនសង្ស័យទាំង ២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពឆក់កាបូប និងប្រើហិង្សាលើជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់។ ចំណែកបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

