តាកែវ ៖ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន និង ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញចុះទស្សនារូបសំណាកបង្កងបាញ់ទឹក ដ៏ស្រស់ស្អាតនៅតំបន់មាត់បឹងតាកែវ ។
រូបសំណាកបង្កងដ៏លេចធ្លោនេះ មិនត្រឹមតែជាស្នាដៃសោភ័ណភាពថ្មីសម្រាប់លើកស្ទួយសួនច្បារ និងតំបន់ទេសចរណ៍ក្រុងដូនកែវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បង្ហាញពីសម្បត្តិធនធានធម្មជាតិ ដែលជាសក្តានុពលផ្នែកសេដ្ឋកិច្ចដ៏មានតម្លៃមួយផ្នែករបស់ខេត្តតាកែវយើងផងដែរ ។
ការអភិវឌ្ឍតំបន់ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធបៃតងនេះ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយក ចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្តតាកែវ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន ថែមទៀត៕

