(តាកែវ)៖ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកគិរីវង់ ដឹកនាំដោយ លោក ងួន ឌីណា អភិបាល នៃគណៈអភិបាលស្រុកគិរីវង់ និងលោក ហុង ជីវ សមាជិកក្រុមប្រឹក្សាស្រុក រួមជាមួយ លោក ហេង ពេជ្រឆាយ ប្រធានផ្សារកសិផលសុខអានទន្លាប់ បានអញ្ជើញចុះជួបប្រជុំពិភាក្សាផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ។
កិច្ចប្រជុំនិងការចុះពិនិត្យជាក់ស្តែងនេះ ក៏មានការនិមន្តចូលរួមពីសំណាក់ ព្រះគ្រូចៅអធិការវត្ដឧទុម្ពរក្រោម ព្រមទាំងមានការចូលរួមពី អាជ្ញាធរឃុំ ភូមិ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល និងចាស់ព្រឹទ្ធាចារ្យក្នុងមូលដ្ឋានផងដែរ។
យោងតាមលទ្ធផលនៃកិច្ចប្រជុំ ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធបានឯកភាពគ្នាលើកិច្ចការងារចម្បងៗចំនួន ៣ ដែលត្រូវអនុវត្តជាបន្ទាន់ រួមមាន៖
ទី១. ការរៀបចំប្រព័ន្ធលូរំដោះទឹក អនាម័យ និងបរិស្ថាន នៅតំបន់ទីប្រជុំជនខាងមុខវត្តឧទុម្ពរក្រោម ដើម្បីលុបបំ បាត់ការលិចទឹក និងកែលម្អសោភ័ណភាព។
ទី២. ការរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅខាងមុខផ្សារកសិផលសុខអានទន្លាប់ និងវិទ្យាល័យ សុខ អាន ទន្លាប់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយ ការកកស្ទះ។
ទី៣. ការពិនិត្យវាយតម្លៃលើការរៀបចំប្រព័ន្ធលូរំដោះទឹក និងការបំពាក់អំពូលសូឡាបំភ្លឺផ្លូវសាធារណៈ នៅលើគម្រោងផ្លូវបេតុងថ្មី ស្ថិតនៅក្នុងភូមិពោធិ៍ និងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។
ក្នុងឱកាសនោះផងដែរ លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ បានមានប្រសាសន៍សង្កត់ធ្ងន់ថា គ្រប់គម្រោងផែនការអភិវឌ្ឍន៍ខាងលើ នឹងមិនអាចទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ទៅបានឡើយ ប្រសិនបើគ្មានការចូលរួមចំណែកពីបងប្អូនប្រជាពលរដ្ឋ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងឃុំព្រះបាទជាន់ជុំ មេត្តាចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការថែរក្សាអនាម័យបរិស្ថាន និងគោរពសណ្តាប់ធ្នាប់សាធារណៈ ដើម្បីផលប្រយោជន៍រួមរបស់សហគមន៍ទាំងមូល៕

