(តាកែវ)៖ កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងលោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ដែលជាគម្រោងថែទាំប្រចាំឆ្នាំ២០២៦។
ខ្សែផ្លូវជនបទដ៏មានសារៈសំខាន់មួយខ្សែនេះ មានប្រវែងសរុប ១២ ០០០ ម៉ែត្រ (ចាប់ពីចំណុចខ្នាតៃ ដល់ ប្រហូត) ដោយតភ្ជាប់ចាប់ពីក្រុងដូនកែវ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ខេត្តតាកែវ។ គម្រោងថែទាំនិងជួសជុលឡើងវិញនេះ គឺអនុវត្តដោយផ្ទាល់ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ។
ក្នុងការចុះពិនិត្យជាក់ស្តែងនោះ ថ្នាក់ដឹកនាំទាំងពីរស្ថាប័នបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស និងបានណែនាំបន្ថែមឱ្យយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពសំណង់ ស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាឱ្យខ្សែផ្លូវនេះមានភាពរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ផងដែរថា ក្រោយពេលការជួសជុលត្រូវបានបញ្ចប់ជាស្ថាពរ ខ្សែផ្លូវមួយខ្សែនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ បង្កើនភាពងាយស្រួលដល់ការដឹកជញ្ជូនកសិផលនានា ព្រមទាំងជួយលើកកម្ពស់សេដ្ឋកិច្ច និងកម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងដូនកែវ និងស្រុកត្រាំកក់ ឱ្យកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត ស្របតាមគោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទរបស់រាជរដ្ឋាភិបាល៕

