Screenshot
(តាកែវ)៖ នៅថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៣៖៣០នាទីរសៀល ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ទោ នៅ សុគន្ធ អធិការនគរបាលស្រុកបូរីជលសារ បានចាត់ឱ្យលោកវរសេនីយ៍ទោ ជា សុផល អធិការរងទទួលផែនប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបូរីជលសារ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកពោធិ៍ ចុះល្បាតក្នុងភូមិសាស្ត្រ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់។
ក្នុងពេលចុះល្បាត កម្លាំងសមត្ថកិច្ចបានប្រទះឃើញមុខសញ្ញាពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់សារធាតុញៀននៅ ២ទីតាំង និងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥នាក់។
ទីតាំងទី១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងលេខ១២៩B ក្នុងភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃិន យ៉ាង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ។
ក្នុងការឆែកឆេរ សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ២កញ្ចប់ និងម៉ូតូម៉ាកវេវចាស់មួយគ្រឿង គ្មានផ្លាកលេខ។ ជនសង្ស័យបានសារភាពថា បានទិញសារធាតុញៀនពីឈ្មោះ ដែន សេន នៅភូមិជ្រៃគោកពោធិ៍ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ដើម្បីទុកប្រើប្រាស់។
ទីតាំងទី២ ស្ថិតនៅភូមិជ្រៃគោកពោធិ៍ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ។ នៅទីតាំងនេះ សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ រួមមាន៖
១. ឈ្មោះ ជួង ធារី ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិជ្រៃគោកពោធិ៍ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ។ សមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៩កញ្ចប់ និងទូរស័ព្ទដៃ១គ្រឿង។
២. ឈ្មោះ ដែន សេន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកំពង់យោល ឃុំបូរីជលសារ ស្រុកបូរីជលសារ ពាក់ព័ន្ធនឹងការចែកចាយ និងប្រើប្រាស់សារធាតុញៀន។
៣. ឈ្មោះ ម៉ៅ ពេជវាសនា ហៅ ពេជ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិជ្រៃគោកពោធិ៍ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ។ សមត្ថកិច្ចដកហូតទូរស័ព្ទដៃ១គ្រឿង។
៤. ឈ្មោះ សេន វិច្ឆិកា ហៅ ម៉ាក ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិជ្រៃគោកពោធិ៍ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ។ សមត្ថកិច្ចដកហូតទូរស័ព្ទដៃ១គ្រឿង។
សរុបជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ និងដកហូតបានសារធាតុក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ១១កញ្ចប់ រួមទាំងម៉ូតូ១គ្រឿង និងទូរស័ព្ទដៃចំនួន៣គ្រឿង។
ដោយមានការដឹកនាំបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងការសម្របសម្រួលនីតិវិធីពីលោកស្រី អ៊ុំ រ័ត្ននា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកបូរីជលសារ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់៕







