(កណ្ដាល)៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយជាប់សង្ស័យពាក់ព័ន្ធករណីឃាតកម្ម ដោយប្រើកាំបិតផ្គាក់កាប់បុរសវ័យ ៧៤ឆ្នាំ បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១១៖៤០នាទី នៅរោងជាងមួយកន្លែង ស្ថិតក្នុងភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ សន ង៉ាន ភេទប្រុស អាយុ ៧៤ឆ្នាំ មានស្រុកកំណើតនៅភូមិពោធិ៍អណ្ដោត ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅរោងជាងក្នុងភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល។
ចំណែកជនសង្ស័យឈ្មោះ តុង វ៉ាន់ហេង «ហៅ ងៀល» ភេទប្រុស អាយុ ៣៥ឆ្នាំ (មានសារធាតុញៀនក្នុងទឹកនោម) មានស្រុកកំណើតនៅភូមិម្រោម ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល។
វត្ថុតាងដែលសមត្ថកិច្ចចាប់យកបាន រួមមាន កាំបិតផ្គាក់ ១ដើម ដងឫស្សី មានប្រវែង ០,៧៤ម៉ែត្រ។
តាមការបំភ្លឺពីសាក្សី បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានកាន់កាំបិតប៉័ងតោ ទៅស្វែងរកបុរសម្នាក់ឈ្មោះ «ហេង» ដែលស្នាក់នៅបន្ទប់ជួលក្បែរជនរងគ្រោះ ប៉ុន្តែមិនបានជួប។
លុះដល់វេលាម៉ោងកើតហេតុ ជនសង្ស័យបានកាន់កាំបិតផ្គាក់ត្រឡប់ទៅរកបុរសឈ្មោះ «ហេង» ម្តងទៀត ប៉ុន្តែនៅតែមិនបានជួប។ ខណៈនោះ ជនរងគ្រោះ និងភរិយាកំពុងនៅមុខបន្ទប់ស្នាក់នៅ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ។
ជនរងគ្រោះបានរត់គេចចូលទៅក្នុងបន្ទប់មួយទៀត ប៉ុន្តែជនសង្ស័យបានដេញតាម និងកាប់ទ្វារបន្ទប់ រួចបន្តធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុ កម្លាំងជំនាញបានចុះពិនិត្យ និងស្រាវជ្រាវនៅទីតាំងកើតហេតុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

