(តាកែវ)៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជននៅស្រុកបាទី ខេត្តតាកែវ ដោយមានការចូលរួមពីអតីតយុទ្ធជន និងនិវត្តជន សរុបប្រមាណ ១,៤៨០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះអតីតយុទ្ធជន និងនិវត្តជននៅស្រុកបាទីទាំងអស់។
ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរៀមច្បង ពូមីង អតីតយុទ្ធជន និងនិវត្តជនទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងខិតខំបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ព្រមទាំងបានចូលរួមកសាង និងបន្សល់ទុកនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ជាមួយគ្នានេះ ឯកឧត្តមបានជម្រាបជូនអង្គពិធីអំពីការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា សាលារៀន មន្ទីរពេទ្យ ស្ពាន និងផ្លូវថ្នល់នៅតាមមូលដ្ឋាននានា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ ការប្រកបរបររកស៊ី និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមក៏បានលើកឡើងអំពីសមិទ្ធផល និងវឌ្ឍនភាពការងាររបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាពិសេសការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ និងការពន្លឿនការចាប់យកបច្ចេកវិទ្យាឌីជីថល។ ក្នុងនោះ ការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យ ត្រូវបានចាត់ទុកថាជាយន្តការដ៏សំខាន់មួយក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងសហគមន៍ និងពង្រីកឱកាសទទួលបានការអប់រំ និងការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិតសម្រាប់សិស្សានុសិស្សឱ្យកាន់តែទូលំទូលាយ។
មុននឹងបញ្ចប់ ឯកឧត្តមបានជម្រាបជូនអតីតយុទ្ធជន និងនិវត្តជនអំពីអត្ថប្រយោជន៍ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អត្ថប្រយោជន៍ទាំងនោះរួមមាន ការផ្តល់ដីសម្បទានសង្គមកិច្ច សេវាសុខាភិបាល ការជួយសាងសង់លំនៅដ្ឋាន ប្រាក់ឧបត្ថម្ភ និងប្រាក់សោធននិវត្តន៍ជាទៀងទាត់ ព្រមទាំងការយកចិត្តទុកដាក់ចំពោះជីវភាព និងសុខុមាលភាពរបស់អតីតយុទ្ធជន និងនិវត្តជន។
ឯកឧត្តមក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រដល់អតីតយុទ្ធជន និវត្តជន និងគ្រួសារកងទ័ពពលី ឱ្យបានសមស្រប។ ជាមួយគ្នានេះ ឯកឧត្តមបានស្នើឱ្យលោកយាយ លោកតា អ៊ុំ ពូ មីង ដែលជាអតីតយុទ្ធជន និងនិវត្តជន បន្តចែករំលែកចំណេះដឹង បទពិសោធន៍ការងារ និងគុណតម្លៃល្អៗដល់យុវជនជំនាន់ក្រោយ ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន៕

