បាត់ដំបង៖ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានគណៈកម្មាធិការគណបក្សស្រុកឯកភ្នំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានប្រចាំការគណបក្សខេត្ត, ឯកឧត្តមសមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងលោក លោកស្រី មន្ត្រីគណបក្សផងដែរ។ពីធីនេះធ្វើឡើងនៅទីស្នាក់ការគណៈបក្សស្រុកឯកភ្នំ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។
យោងតាមសេចក្តីសម្រេច ស្តីពី ការតែងតាំងមន្ត្រីគណបក្ស គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្រេចតែងតាំងលោក ប៊ី សុភាព ជាសមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានណែនាំដល់លោក ប៊ី សុភាព ប្រធានគណៈកម្មាធិការគណបក្សស្រុកឯកភ្នំទើបកាន់តំណែងថ្មីត្រូវរួបរួមសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ពង្រឹងវិន័យ និងការទទួលខុសត្រូវ កសាងធនធានមនុស្សជំនាន់ក្រោយ រៀបចំការដឹកនាំ និងសម្របសម្រួលការងារគណបក្សនៅមូលដ្ឋាន អនុវត្តគោលការណ៍របស់ថ្នាក់លើ ពង្រឹងសាមគ្គីភាព និងវិន័យក្នុងជួរគណបក្ស ជំរុញការចូលរួមរបស់សមាជិក និងប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន។
ឯកឧត្តម បន្តណែនាំដល់មន្ត្រីគណបក្សនៅមូលដ្ឋានឱ្យខិតខំពិនិត្យដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ តាមស្ថានភាពជាក់ស្តែងនៅតាមឃុំ និងភូមិ ព្រមទាំងពង្រឹងទំនាក់ទំនងរវាងគណបក្ស និងប្រជាពលរដ្ឋឱ្យបានជិតស្និទបំផុត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានកោតសរសើរចំពោះក្រុមការងារដែលខិតខំយកចិត្តទុកដាក់ខ្ពស់ជួយពលរដ្ឋ ដែលជួបការលំបាកខ្វះខាត និងរងគ្រោះដោយសារទឹកជំនន់កន្លងមកបានយ៉ាងល្អប្រសើរ។
លោក ប៊ី សុភាព ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកឯកភ្នំ បានប្តេជ្ញាចិត្តដូចខាងក្រោម៖
-ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង៖ បន្តពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹង មាំ និងទូលំទូលាយ សំដៅធានានូវប្រសិទ្ធភាព និងការសម្រេចបាននូវជោគជ័យថ្មីៗបន្ថែម ទៀតជូនគណបក្ស។
-អភិវឌ្ឍសមត្ថភាព និងចំណេះធ្វើ៖ ខិតខំដុសខាត់បន្ថែមនូវសមត្ថភាព ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ការងារ ឱ្យឆ្លើយតបទាន់ពេលវេលាទៅនឹងគោលនយោបាយ និងការវិវត្តរបស់ គណបក្ស។
-ក្តាប់ជាប់ និងអនុវត្តកម្មវិធីនយោបាយ៖ ក្តាប់ឱ្យបានម៉ឺងម៉ាត់នូវកម្មវិធីនយោបាយ គោលការណ៍ ណែនាំ សេចក្តីសម្រេចចិត្ត និងលក្ខន្តិកៈនានារបស់គណបក្ស ដើម្បីយកទៅអនុវត្តឱ្យ មានប្រសិទ្ធភាពខ្ពស់។
-ផ្សព្វផ្សាយ និងបញ្ជ្រាបគោលនយោបាយ៖ ខិតខំបញ្ជ្រាបកម្មវិធីនយោបាយ និងសេចក្តី សម្រេចចិត្តនានារបស់គណបក្ស ជូនដល់មន្ត្រី សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋ នៅមូលដ្ឋាន សំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹក និងបង្កើនទំនុកចិត្តយ៉ាងមុតមាំលើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។
-រៀបចំផែនការសកម្មភាពច្បាស់លាស់៖ កសាងផែនការសកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ជូនគណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារចុះមូលដ្ឋានស្រុក ដើម្បីពិនិត្យ និងសម្រេចតាមនីតិវិធី។
-គោរពរបបធ្វើការងារ និងរាយការណ៍៖ អនុវត្តតាមរបបធ្វើការងារយ៉ាងទៀងទាត់ ដោយរាយការណ៍រាល់សកម្មភាព និងលទ្ធផលការងារជូន គណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារ ចុះជួយមូលដ្ឋានស្រុក-ឃុំ ឱ្យបានទាន់ពេលវេលា និងប្រកបដោយតម្លាភាព។

