(តាកែវ)៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងនគរបាលស្រុកបាទី ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការនគរបាលស្រុកបាទី បានចុះប្រតិបត្តិការបង្ក្រាបករណីពាក់ព័ន្ធនឹងគ្រឿងញៀន និងឃាត់ខ្លួនមនុស្សចំនួន ៣នាក់។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដោយលោកវរសេនីយ៍ត្រី សែម សុខន អធិការរងទទួលផ្នែកគ្រឿងញៀន និងកម្លាំងជំនាញ បានចុះល្បាតតាមភូមិសាស្ត្រសំខាន់ៗក្នុងមូលដ្ឋាន រហូតមកដល់ចំណុចព្រៃឫស្សី ភូមិពានមាសកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ បានប្រទះឃើញមុខសញ្ញាចំនួន ៣នាក់ និងធ្វើការឆែកឆេរ។
ជាលទ្ធផល សមត្ថកិច្ចបានរកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន ៨កញ្ចប់ ព្រមទាំងទូរស័ព្ទដៃចំនួន ២គ្រឿង និងសម្ភារៈពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យទាំង ៣នាក់ រួមមាន៖
ទី១- ឈ្មោះ អ៊ូន ផុល ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់។ សមត្ថកិច្ចដកហូតម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ៨កញ្ចប់ និងទូរស័ព្ទដៃ ១គ្រឿង។
ទី២- ឈ្មោះ សាន ពន្លឹង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិត្រពាំងខ្នារ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់។ ដកហូតទូរស័ព្ទដៃ ១គ្រឿង។
ទី៣- ឈ្មោះ ប៊ុន ថា ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិពានមាសកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់។ សមត្ថកិច្ចដកហូតសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមនឹងវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿង និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

